
គោលដៅសំខាន់ៗ
" ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥" ត្រូវបាន រៀបចំឡើងអនុលោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងឯកសារទស្សនាទានស្តីពី ដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និងទស្សនៈវិស័យអនាគត, ផែនទីបង្ហាញផ្លូវនេះ កំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពតាម ដំណាក់កាល ក្នុងទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹង សមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យបានជាអតិបរមា នូវទំហំនៃចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យសុខាភិបាល។
ធាតុផ្សំនៃផែនទីបង្ហាញផ្លូវ កំណត់នូវទិសដៅកែទម្រង់នានាទៅតាមវិមាត្រជាសារវន្តចំនួន ៣ ព្រមទាំងកត្តាជំរុញគាំទ្រ ដូចខាងក្រោម៖
ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ កំណត់គោលដៅក្នុងការសម្រេចបាននូវ៖
១/ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប។
២/សន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០%។
៣/ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅចំនួនប្រមាណ ៣៥% នៃ ចំណាយសរុបលើវិស័យសុខាភិបាល។
វិមាត្រទី១៖ ការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម
ផ្តោតអាទិភាពលើការបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់ដោយប្រព័ន្ធគាំពារសុខភាពសង្គម ដែលមានស្រាប់ និងការបន្តពង្រីកវិសាលភាពគ្របដណ្តប់លើក្រុមពលរដ្ឋគោលដៅផ្សេងទៀតជាជំហានៗ រួមមាន៖ ការបង្កើនប្រសិទ្ធភាពការគ្របដណ្តប់មូលនិធិសមធម៌សុខាភិបាល, និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, ការពិនិត្យឡើងវិញ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម, ការប្រែក្លាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ទៅជារបបកាតព្វកិច្ច និងការជ្រើសរើសគំរូហិរញ្ញប្បទាន, ការពង្រីកវិសាលភាពដល់ក្រុមពលរដ្ឋគោលដៅ ដែលនៅសេសសល់,និងការគ្រប់គ្រងការផ្លាស់ប្តូរសមាជិកភាព រវាងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងមូលនិធិសមធម៌សុខាភិបាល។
វិមាត្រទី២៖ ការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត
ផ្តោតអាទិភាពលើការពង្រីកការគ្របដណ្តប់សេវាសុខាភិបាលសារវន្តដែលមានគុណភាព និង អាចឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ ជាពិសេសសេវាថែទាំសុខភាពបឋម ដែលក្នុងនោះជម្រើសគោលនយោបាយសំខាន់ៗមួយចំនួនដែលនឹងត្រូវដាក់ចេញ រួមមានការពង្រឹងនិយ័តកម្មលើសេវា សុខាភិបាលឯកជនគ្រប់កម្រិត, ការដាក់ឱ្យដំណើរការប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល ដែលមានឯករាជ្យភាពនិងការរៀបចំដាក់ឱ្យអនុវត្តនូវក្របខណ្ឌស្តីពីការចូលរួមរបស់វិស័យសាធារណៈ និងឯកជន, ការពង្រីក និងពង្រឹងសេវាសុខាភិបាលសារវន្ត ជាពិសេសសេវាថែទាំបឋម តាមអភិក្រមសេវាសុខាភិបាលសមាហរ័ណ ដែលផ្តោតលើពលរដ្ឋជាស្នូល, ការពង្រឹង និងពង្រីកសេវាឯកទេស និងសេវាសង្គ្រោះបន្ទាន់, ការពង្រឹងយន្តការគ្រប់គ្រង និងបែងចែកឱសថ, ការពង្រឹង និងធ្វើឱ្យមានសង្គតិភាពប្រព័ន្ធបញ្ជូនជំងឺ និងគោលនយោបាយទ្វារបាលកិច្ច, ការរៀបចំបង្កើតកញ្ចប់តាវកាលិកគោលសម្រាប់ ប្រព័ន្ធគាំពារសុខភាពសង្គម, និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងវិស័យសុខាភិបាល, ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល និងសកម្មភាពពហុវិស័យ ជាដើម។
វិមាត្រទី៣៖ ការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល
ផ្តោតលើការកាត់បន្ថយចំណាយពីហោប៉ៅផ្ទាល់របស់ពលរដ្ឋ និងការជំរុញប្រសិទ្ធភាពចំណាយក្នុងវិស័យសុខាភិបាល តាមរយៈ ការបង្កើនការវិភាជថវិកា និងការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃចំណាយក្នុងវិស័យសុខាភិបាល, ការរៀបចំធ្វើស្ថាប័នូបនីយកម្មនៃថវិកាតាមកម្មវិធីសុខភាព និងរៀបចំវិភាជថវិកាដោយផ្អែកលើតម្រូវការថែទាំសុខភាព, គោលការណ៍សមធម៌, ព្រមទាំងលើកកម្ពស់ស្វ័យភាពរបស់ អ្នកផ្តល់សេវាសុខាភិបាល ក្នុងការចាត់ចែងធនធាន និងធានាគណនេយ្យភាព, ការបង្កើនហិរញ្ញប្បទាន ផ្នែកតម្រូវការជាជំហានៗ, និងការអនុវត្តការទិញជាយុទ្ធសាស្ត្រក្នុងប្រព័ន្ធគាំពារសុខភាពសង្គម ជាដើម។
កត្តាជំរុញគាំទ្រ
ផ្តោតលើកត្តាឆ្លងវិស័យដែលមានចរិតលក្ខណៈសម្រួល និងគាំទ្រការអនុវត្តទិសដៅគោលនយោបាយ អាទិភាពនៃវិមាត្រទាំង៣ខាងលើ ដែលរួមមានយន្តការអភិបាលកិច្ចអចិន្ត្រៃយ៍សម្រាប់ការគ្របដណ្តប់ សុខភាពជាសកល, ការកសាងសមត្ថភាពដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ, យន្តការទំនាក់ទំនង និងផ្សព្វផ្សាយ, ការរៀបចំក្របខណ្ឌគតិយុត្ត, ឌីជីថលូបនីយកម្មក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល, និងការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ។